នគរបាលឃាត់ខ្លួនជនសង្ស័យ៣នាក់ ក្នុងចំណោមបក្ខពួក៥នាក់ ពាក់ព័ន្ធករណីកាប់ប្លន់យកម៉ូតូពីយុវជនម្នាក់ នៅខណ្ឌពោធិ៍សែនជ័យ...
(ភ្នំពេញ)៖ ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ខណៈបក្ខពួក២នាក់ទៀតបានរត់គេចខ្លួន បន្ទាប់ពីពួកគេត្រូវបានសង្ស័យថា ពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោស ដោយប្រើហិង្សាកាប់ប្លន់យកម៉ូតូពីយុវជនម្នាក់ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោក សាយ ចំរើន នាយប៉ុស្តិ៍នគរបាលចោមចៅទី ១បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២៖១០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចផ្លូវបេតុងច្រកចូលផ្ទះសំណាក់៣ដុល្លារ ស្ថិតក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោកបានបន្តថា ជនសង្ស័យមានគ្នាចំនួន៥នាក់ ស្លៀកពាក់ស៊ីវិល និងជិះម៉ូតូចំនួន២គ្រឿង ធ្វើសកម្មភាពប្រើហិង្សាវាយយកម៉ូតូពីជនរងគ្រោះឈ្មោះ វិត ចិន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានចំនួន៣នាក់ រួមមាន៖១, ឈ្មោះ រឹម សុធារ៉ាម ភេទប្រុស អាយុ២៥ឆ្នាំ ,២ ឈ្មោះ ម៉ែន ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ។និង ៣ ឈ្មោះ ហឿន មិនា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ។ចំណែកបក្ខពួក២នាក់ទៀត ដែលមានឈ្មោះហៅក្រៅ អាហេង និងអាឡុង កំពុងរត់គេចខ្លួន។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ម៉ូតូម៉ាក Honda Dream ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1MO-8474 ដែលជាម៉ូតូរបស់ជនរងគ្រោះ និងម៉ូតូម៉ាក Honda Scoopy ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IX-6750 ដែលត្រូវបានរាយការណ៍ថា ជាមធ្យោបាយធ្វើសកម្មភាពរបស់ជនសង្ស័យ ព្រមទាំងទូរសព្ទចំនួន៣គ្រឿងផងដែរ។
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់ ខណៈកម្លាំងសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួនបក្ខពួក២នាក់ទៀត ដែលកំពុងរត់គេចខ្លួន ដើម្បីនាំមកផ្តន្ទាទោសតាមច្បាប់ ៕




Post a Comment