សម្តេច​បវរធិបតី៖ការចរចាពា​ណិជ្ជកម្មជាមួយអាមេ​រិកមា​នភាពស្មុគស្មាញមិន​ថាលំបាកត្រូវបន្តចរ​ចាដើម្បីការ​ពារផលប្រយោ​ជន៍ប្រជា​ពលរដ្ឋ

ក្នុងឱកាសអញ្ជើញសំណេះសំណាល ជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការនិងធ្វើការ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ១ឧសភាឆ្នាំ២០២៥ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចមហាបវរធិបតីហ៊ុនម៉ាណែតបានបញ្ជាក់ថាការចរចាបញ្ហាពន្ធគយលើអតិរេកពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក គឺជារឿងដ៏ស្មុគស្មាញខ្លាំងបំផុត តែទោះបីជាយ៉ាងណាក៏ដោយកម្ពុជានឹងខិតខំធ្វើយ៉ាងណា មិនថាលំបាកយ៉ាងណាត្រូវបន្តចរចាជាមួយអាមេរិកដើម្បីការពារផលប្រយោជន៍ ពាណិជ្ជកម្មសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋជាពិសេសសេដ្ឋកិច្ចកម្ពុជា ដែលពឹងផ្អែកលើការនាំចេញ ។សម្តេចធិបតី បានថ្លែងបញ្ជាក់ថា នៅពេលណាដែលពាណិជ្ជកម្មមានបញ្ហា ការនាំចេញក៏មានបញ្ហា ទំនិញឆ្លងកាត់ក៏មានបញ្ហាការកាត់បន្ថយឬមួយបង្កើនបើលំហូរកាន់តែប្រសើរ ការងារកាន់តែច្រើន ដែលទាំងអស់នេះ គឺជាកិច្ចការងារដ៏​ស្មុគស្មាញ ខណៈដែលមកដល់ម៉ោងនេះ មិនទាន់មានប្រទេសណាមួយ ចរចាត្រូវជាមួយអាមេរិកនោះទេ សូម្បីប្រទេសជប៉ុនដែលជាមហាអំណាច និងជាសម្ព័ន្ធមិត្តជិតស្និទ្ធជាមួយអាមេរិក នៅមិនទាន់ចរចាត្រូវផង ។បន្ថែមលើនេះសម្តេចធិបតីបានពន្យល់ថាហេតុអ្វីបានជាការចរចាពាណិជ្ជកម្ម ជារឿងស្មុគស្មាញ ដោយសារតែការចរចានេះ បើកាលណាចរចាជាមួយអាមេរិកមួយក៏ត្រូវចរចាជាមួយបណ្តាប្រទេសផ្សេងទៀត ដោយសារត្រូវជាប់ពាក់ព័ន្ធ ជាមួយគោលការណ៍ របស់ WTO ដែលមានសមាជិកជាច្រើនពីបណ្តាប្រទេសនានា លើពិពភលោក ។


ក្នុងនោះសម្តេចធិបតី ថ្លែងថា «សម្រាប់កម្ពុជា យើងខិតខំទោះបីជាស្មុគស្មាញយ៉ាងណាក៏ដោយ ទោះបីជាលំបាកយ៉ាងម៉េចក៏ដោយ ក៏យើងបានចាត់វិធានការ និងត្រៀមលក្ខណៈបន្តទៀត ដើម្បីធ្វើកិច្ចការងារនេះ គោលដៅការពារផលប្រយោជន៍ ពាណិជ្ជកម្ម សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ជាពិសេសសេដ្ឋកិច្ចយើង ដែលពឹងផ្អែកលើការនាំចេញ ចឹងគឺធ្វើយ៉ាងម៉េចធានាគាំទ្រទៅដល់ការងារប្រជាពលរដ្ឋ សេដ្ឋកិច្ចរបស់យើង ដើម្បីហោប៉ៅរ​បស់ប្រជាពលរដ្ឋ នៅរក្សាបាននេះគឺជាគោលដៅធំរបស់យើង» ។ជាមួយគ្នានេះ សម្តេចធិបតី បានថ្លែងឱ្យដឹងថា មកដល់ម៉ោងនេះ ក្រុមការងារចរចាកម្ពុជា បានជួបជាមួយប្រធានតំណាងពាណិជ្ជកម្មអាមេរិកបានម្តងហើយ កាលពីថ្ងៃទី១៦ មេសា ខណៈដែលថ្ងៃទី២ ខែឧសភាស្អែកនេះ នឹងត្រូវជួបម្តងទៀត ឈានទៅដល់ការចរចាបន្តិចម្តងៗ ដោយសារតែអាមេរិកត្រូវប្រើពេលយូរក្នុងការចរចាជាមួយបណ្តាប្រទេសនានា ជិត២០០ប្រទេស ។សម្តេចធិបតី មានប្រសាសន៍បន្ថែមថា «បន្តិចម្តងៗយើងនៅរង់ចាំពេលវេលាហើយពេលណាដែលគេឱ្យយើងឡើងទៅអាមេរិកយើងនឹងទៅភ្លាមដើម្បីត្រៀមហើយយើងចាត់ដល់ថ្នាក់ឧបនាយករដ្ឋមន្ត្រីដើម្បីធានាការធ្វើកិច្ចការងារនេះជាកម្រិតខ្ពស់បំផុតហើយ ក្រៅពីប្រមុខរដ្ឋាភិបាល ហើយគ្រប់ប្រទេសទាំងអស់ គឺមានប្រទេសខ្លះ ត្រឹមរដ្ឋមន្ត្រី​ ប្រទេសខ្លះត្រឹមការងារ ប្រទេសខ្លះដល់ឧប ហើយយើង​គឺឧបនាយករដ្ឋមន្ត្រី បញ្ហាអំពីការប្តេជ្ញាចិត្តរបស់យើង និងការខិតខំរបស់យើង បើយើងមិនឱ្យតម្លៃ​ ក្នុងការការពារផលប្រយោជន៍ ប្រជាពលរដ្ឋរបស់យើងទេ យើងមិនចាំបាច់ចរចាទេ ចឹងសូមឱ្យបងប្អូនជឿទុកចិត្តចុះ អ្វីដែលយើងបង្កើតមកនេះរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ខិតខំដើម្បីការពារជូន»៕
Powered by Blogger.